ដើមឆ្នាំ២០២០ មានរោងចក្រថ្មី ចំនួន៧៧ ត្រូវបានបង្កើតឡើងនៅកម្ពុជា
ភ្នំពេញ ៖ លោក ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា នាដើមឆ្នាំ២០២០នេះ មានរោងចក្រថ្មី ចំនួន៧៧ ត្រូវបានបង្កើតឡើងនៅកម្ពុជា ដើម្បីរួមចំណែករក្សាកំណើនសេដ្ឋកិច្ចជាតិ ក្នុងរង្វង់ជាង៧% ជារៀងរាល់ឆ្នាំ។
ក្នុងសន្និសទីសារព័ត៌មាន ស្តីពី វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ នៅទីស្តីការ គណៈរដ្ឋមន្ត្រី លោក ហេង សុខគង់ មានប្រសាសន៍ថា «ក្នុងត្រីមាសទី១ ដើមឆ្នាំ២០២០នេះ ទោះបីជាកម្ពុជាកំពុងប្រឈមជាមួយនឹងវិបត្តិជំងឺឆ្លង Covid-19 ក៏ដោយ ប៉ុន្តែគម្រោងវិនិយោគ និងបង្កើតរោងចក្រថ្មីចំនួន៧៧បន្ថែមទៀត ត្រូវបានរាជរដ្ឋាភិបាលសម្រេចគាំទ្រ និងអនុញ្ញាតឱ្យចាប់ដំណើរការ នៅតាមបណ្តាខេត្ត ក្រុង និងតំបន់សេដ្ឋកិច្ចពិសេសនៅទូទាំងប្រទេស ។គម្រោងនេះនឹង ផ្តល់ឱកាសការងារប្រមាណ២៧៩០៩នាក់ ស្របពេលដែលរោងចក្រចំនួន៦ ត្រូវបានសម្រេចបិទទ្វារ ឈប់ដំណើរការទាំងស្រុង»។
លោក បញ្ជាក់ថា នៅក្នុងចំណោមរោងចក្រទាំង៧៧ ដែលត្រូវបានអនុញ្ញាតឱ្យដំណើរការនេះ ក្នុងនោះក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍អនុញ្ញាត ឱ្យដំណើរការ ចំនួន៧៤ អនុញ្ញាតដោយ សាលារាជធានីភ្នំពេញចំនួន០១ និងរោងចក្រដំណើរការឡើងវិញ ចំនួន២។
លោកថា «យើងឃើញថា ចំនួន៧៧ រោងចក្របានស្នើសុំបង្កើតឡើង ហើយក៏ជាមោទនភាព មួយដែលក្នុងដំណាក់កាលមួយដែលកម្ពុជារបស់យើងនិងទូទាំងពិភពលោក កំពុងជួបប្រទះ បញ្ហាជំម្ងឺកូវីដ១៩ នេះ។ រោងចក្រមួយចំនួនប្រទេសមួយចំនួន គឺខ្វះវត្ថុធាតុដើម សម្រាប់ ប្រើ ប្រាស់ក្នុងបណ្ដារោងចក្រ នេះ ដែលបានបិទរោងចក្រទាំងអស់ ។ ប៉ុន្តែកម្ពុជា របស់យើង ខុសគ្នាដែលរាជរដ្ឋាភិបាលឲ្យរោងចក្រទាំងអស់ដំណើរការធម្មតា កម្មករ ទាំងអស់ថ្ងៃ ចូលឆ្នាំ ក៏ធ្វើការធម្មតា នេះជាលក្ខណៈពិសេសមួយរបស់ប្រទេស កម្ពុជា»៕E B